ទស្សនៈលោកខាងលិច លោកខាងកើត លោកសកល
ឋានៈសង្គម បញ្ជាក់ពីវណ្ណៈរបស់មនុស្សម្នាក់ៗនៅក្នុងសង្គម។ ប៉ុន្តែ ឋានៈសង្គម មិនមែនជាវត្ថុដើម្បីកម្រិតពីតម្លៃរបស់មនុស្សម្នាក់ៗនៅក្នុងសង្គមឡើយ។ ប៉ុន្តែ តើមានការ យល់ឃើញខុសគ្នាបែបណារវាងលោកខាងលិច ខាងកើត និងគំនិតសកលមាន ចំពោះ«ឋានៈ»?
នៅលោកខាងលិច គេឲ្យតម្លៃមនុស្សសំខាន់ជាងឋានៈ។ ចំណែកវត្ថុផ្សេងៗសុទ្ធតែអាចកំណត់តម្លៃបាន តែជីវិតមនុស្សមិនអាចកាត់ថ្លៃបានឡើយ។ ការគោរពនូវជីវិតគ្នាទៅវិញទៅមក ត្រូវបានគេលើកតម្កើងយ៉ាងទូលាយ។
ចំណែកលោកខាងកើតវិញ គេតែងគិតថាឋានៈ បុណ្យសក្តិ សំខាន់ជាងមនុស្ស។ មនុស្សមានឋានៈកាន់តែធំបញ្ជាក់ថា បុគ្គលនោះកាន់តែមានតម្លៃ។ កត្តានេះហើយទើបធ្វើឲ្យមានការមើលងាយគ្នាជិះជាន់គ្នាទៅតាមឋានៈ មុខងារសង្គម។ ការមើលងាយជិះជាន់គ្នាឯង ក្លាយជាជំងឺឆ្លងរាលដាល់ទៅដល់អ្នកដទៃផ្សេងៗទៀត។
ប៉ុន្តែសម្រាប់ទស្សនៈ និងគំនិតសកលវិញ ឋានៈសង្គម គ្រាន់តែការផ្ដល់តម្លៃ តាមការសន្មត់របស់មនុស្សតែប៉ុណ្ណោះ។ ព្រហ្មវិហាធម៌ សច្ចធម៌ សីលធម៌ យុត្តិធម៌ ទើបជាតម្លៃពិតប្រាកដរបស់មនុស្ស ហើយវាមានតម្លៃលើសអ្វីៗទាំងអស់។ការសិក្សារៀនសូត្រ សង្គមណាក៏ត្រូវការមិនអាចខ្វះបាន។ តើមានទស្សនៈខុសគ្នាយ៉ាងដូចម្ដេចទៅលើ«ការរៀនសូត្រ» រវាងលោកខាងលិច លោកខាងកើត និងគំនិតសាកល?
នៅលោកខាងលិច គេផ្ដោតតម្រង់ទៅលើ ការរៀនអនុវត្តជាក់ស្ដែង។ ជីវិត គឺការរៀនសូត្រ រៀនពេញមួយជីវិត។ មនុស្សស្ទើតែគ្រប់គ្នា មានទម្លាប់ស្រាវជ្រាវជាប្រចាំ ទោះជាគ្មានសញ្ញាបត្រ មនុស្សក៏នៅតែចេះដឹង និងជឿជាក់លើទៅលើអ្វីដែលខ្លួនចេះ។
នៅលោកខាងកើតវិញ ពឹងផ្អែកលើការរៀននៅសាលា។ សញ្ញាបត្រ សំខាន់ជាងចំណេះដឹងពិតប្រាកដ មិនសូវខ្វល់នឹងការស្រាវជ្រាវ ព្រោះគេយល់ថា វាជាតួនាទីរបស់អ្នកប្រាជ្ញ ឬផ្នែកជំនាញប៉ុណ្ណោះ។ មានសញ្ញាបត្រខ្ពស់ តែសមត្ថភាពទាប ហើយពុំសូវជឿជាក់លើខ្លួនឯង។
ចំពោះគំនិតជាសកល ការរៀនសូត្រ គឺជាសភាវៈដោយធម្មជាតិ ដើម្បីឲ្យជីវិតរីកចម្រើន។ គ្រប់គ្នាត្រូវតែរៀន ដើម្បីលើកកម្ពស់គុណភាពជីវិតឲ្យកាន់តែប្រសើរឡើង។ ការរៀនសូត្រ គ្មានថ្ងៃចប់ឡើយ រៀនច្រើនចេះច្រើន ចេះកាន់តែច្រើនកាន់តែល្អ។ ការស្រាវជ្រាវដែលល្អ គឺការស្រាវជ្រាវជាក់ស្ដែង កើតប្រយោជន៍ពិតប្រាកដ៕
សង្គមមួយដែលសម្បូរទៅដោយបុគ្គលដែលមានគំនិត «ការច្នៃប្រឌិត» នឹងធ្វើឲ្យសង្គមនោះមានការរីកចម្រើន។ ចំពោះផ្នត់គំនិតអំពី«ការច្នៃប្រឌិត» រវាងលោកខាងលិច លោកខាងកើត និងគំនិតសាកល តើមានលក្ខណៈនៃការយល់ឃើញខុសគ្នាយ៉ាងដូចម្ដេច?ក្នុងទស្សនៈរបស់លោកខាងលិច គេចូលចិត្តច្នៃប្រឌិតបង្កើតអ្វីថ្មីៗ រាល់ការច្នៃប្រឌិតថ្មីៗ ត្រូវបានគេទទួលស្គាល់ និងគាំទ្រ យ៉ាងទូលំទូលាយ ។ ចំណែក សង្គមកាន់តែត្រូវបានលើកកម្ពស់ជាលំដាប់។សម្រាប់លោកខាងកើតវិញ របស់ថ្មីក៏គេចង់បាន ឯរបស់ចាស់ក៏មិនព្រមចោលដែរ។ អ្នកណាបង្កើតរបស់ថ្មីខុសគេ មនុស្សតែងតែប្រឆាំងជំទាស់។ ហេតុនេះហើយ ទើបមិនសូវសម្បូរអ្នកគិតច្នៃប្រឌិត។
ក៏ប៉ុន្តែក្នុងផ្នត់គំនិតសកលវិញ របស់ចាស់ឬថ្មីគ្មានអ្វីសំខាន់ គ្រាន់ឬមិនគ្រាន់ នៅលើអត្ថប្រយោជន៍។ ចាស់ខ្លះល្អជាងថ្មី ឯថ្មីខ្លះក៏ល្អជាងចាស់អញ្ចឹងដែរ។ គុណសម្បត្តិ មិនអាស្រ័យនៅលើចាស់ថ្មី ឬមុនក្រោយអ្វីទេ វាស៊ីសងនៅពេលប្រើការ តើអ្នកណាល្អប្រើជាងអ្នកណានោះឯង៕
សង្គមជាតិមួយមិនអាចគ្មានជំនឿទៅលើសាសនា ឬបុគ្គលសក្ការៈឡើយ។ ចំពោះការគោរព និងមានជំនឿនោះគឺតែងតែមានបញ្ញត្តិមួយគឺ«ព្រះ» ដើម្បីជាទីសក្ការៈបូជា។ ចុះតើវាមានលក្ខណៈខុសគ្នាដូចម្ដេចក្នុងជំនឿចំពោះ«ព្រះ»តាមលោកខាងលិច លោកខាងកើត និងគំនិតសាកល?ចំពោះទស្សនៈរបស់លោកខាងលិច គេមានជំនឿថាព្រះ គឺជាអ្នកសាង ហើយក៏ជាអ្នកបំផ្លាញផងដែរ។ គេយល់ថា មានព្រះតែមួយអង្គគត់ ដែលជាម្ចាស់គ្រប់គ្រងអ្វីៗទាំងអស់លើលោកនេះ។ ជីវិតដែលមានជំនឿនិងមានភក្ដីភាពចំពោះព្រះជាម្ចាស់ ជាជីវិតរស់នៅដ៏ខ្ពង់ខ្ពស់។ផ្ទុយមកវិញ សម្រាប់ផ្នត់គំនិតរបស់លោកខាងកើតវិញ គេមានជំនឿថា មានព្រះជាច្រើនអង្គគង់នៅឋានសួគ៌ ហើយជឿថា មនុស្សគ្រប់រូបអាចនឹងត្រាស់ទៅជាព្រះបាន នៅពេលដែលអ្នកនោះអាចត្រងត្រាប់តាមដំបូន្មាននៃធម៌ព្រះបានខ្ជាប់ខ្ជួន។ ដូចជាមានមេត្ដា ករុណា មុទិតា ឧបេក្ខាជាដើម។ ការបានត្រាស់ដឹងធ្វើជាព្រះ គឺជាបំណងប្រាថ្នាធំបំផុតរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ ក្នុងគំនិតសកលវិញ សច្ចធម៌ គឺជាព្រះ។ ការនាំយកសច្ចភាព មកបង្កើតប្រយោជន៍សម្រាប់មនុស្សគ្រប់រូប គឺជាគុណធម៌។ ការដែលប្រព្រឹត្តប្រាសចាកនឹងសច្ចធម៌ គឺជាអំពើអាក្រក់។ មនុស្សដែលមិនស្គាល់សច្ចធម៌ គឺជាមនុស្សល្ងិតល្ងង់។ ចំណែកជីវិតដែលពោរពេញដោយសច្ចធម៌ គឺជាជីវិតដ៏ឧត្ដុង្គឧត្ដម៕
Comments
Post a Comment