ការកំណត់ពេលវេលា
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តធ្វើការរៀបរាប់ អំពីដំណើរវិវឌ្ឍន៍នៃការយល់ដឹងរបស់មនុស្សជាតិទៅលើចក្រវាល ដោយសូមលើកឡើង អំពីដំណើររឿងនៃការបែងចែកពេលវេលាទៅជា ថ្ងៃ ខែ និងឆ្នាំ ហើយបង្កើតទៅជាប្រតិទិនដើមដំបូង នៅក្នុងប្រវត្តិនៃមនុស្សជាតិ។ ជារៀងរាល់ថ្ងៃ នៅក្រោយពេលដែលយើងភ្ញាក់ពីដំណេក យើងអាចដឹងបាន ឬបើសិនជាភ្លេចក៏យើងអាចស្វែងរកចម្លើយឃើញថា តើថ្ងៃនេះគឺជាថ្ងៃអ្វី ? ថ្ងៃទីប៉ុន្មាន? ខែអ្វី? ហើយឆ្នាំអ្វី? នេះគឺដោយសារតែយើងមានរបស់មួយ ដែលបែងចែក កំណត់លំដាប់លំដោយ និងឈ្មោះថ្ងៃ ខែ និងឆ្នាំរួចជាស្រេចសម្រាប់យើង ហើយដែលយើងហៅថា “ប្រតិទិន” (វចនានុក្រមសម្តេចសង្ឃ ជួន ណាត បានបញ្ជាក់ថា គេអាចហៅថាជា “ប្រក្រតិទិន” ឬ “ប្រក្រតីទិន” ក៏បាន តែគួរប្រើជា “បដិទិន” ឬ “ប្រតិទិន” ត្រឹមត្រូវជាង)។ ប្រតិទិនមិនត្រឹមតែអាចឲ្យយើងដឹងពីកាលបរិច្ឆេទនៃថ្ងៃបច្ចុប្បន្ននេះទេ ក៏ប៉ុន្តែ វាក៏អាច ឲ្យយើងដឹងផងដែរ អំពីកាលបរិច្ឆេទនៃហេតុការណ៍ដែលបានកើតឡើងពីអតីតកាល ក៏ដូចជាហេតុការណ៍ ...