ការកំណត់ពេលវេលា
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តធ្វើការរៀបរាប់ អំពីដំណើរវិវឌ្ឍន៍នៃការយល់ដឹងរបស់មនុស្សជាតិទៅលើចក្រវាល ដោយសូមលើកឡើង អំពីដំណើររឿងនៃការបែងចែកពេលវេលាទៅជា ថ្ងៃ ខែ និងឆ្នាំ ហើយបង្កើតទៅជាប្រតិទិនដើមដំបូង នៅក្នុងប្រវត្តិនៃមនុស្សជាតិ។
ជារៀងរាល់ថ្ងៃ នៅក្រោយពេលដែលយើងភ្ញាក់ពីដំណេក យើងអាចដឹងបាន ឬបើសិនជាភ្លេចក៏យើងអាចស្វែងរកចម្លើយឃើញថា តើថ្ងៃនេះគឺជាថ្ងៃអ្វី ? ថ្ងៃទីប៉ុន្មាន? ខែអ្វី? ហើយឆ្នាំអ្វី? នេះគឺដោយសារតែយើងមានរបស់មួយ ដែលបែងចែក កំណត់លំដាប់លំដោយ និងឈ្មោះថ្ងៃ ខែ និងឆ្នាំរួចជាស្រេចសម្រាប់យើង ហើយដែលយើងហៅថា “ប្រតិទិន” (វចនានុក្រមសម្តេចសង្ឃ ជួន ណាត បានបញ្ជាក់ថា គេអាចហៅថាជា “ប្រក្រតិទិន” ឬ “ប្រក្រតីទិន” ក៏បាន តែគួរប្រើជា “បដិទិន” ឬ “ប្រតិទិន” ត្រឹមត្រូវជាង)។
ប្រតិទិនមិនត្រឹមតែអាចឲ្យយើងដឹងពីកាលបរិច្ឆេទនៃថ្ងៃបច្ចុប្បន្ននេះទេ ក៏ប៉ុន្តែ វាក៏អាច ឲ្យយើងដឹងផងដែរ អំពីកាលបរិច្ឆេទនៃហេតុការណ៍ដែលបានកើតឡើងពីអតីតកាល ក៏ដូចជាហេតុការណ៍ ឬផែនការនៅថ្ងៃអនាគត។ វាស្ថិតនៅជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង រហូតពេលខ្លះធ្វើឲ្យយើងគិតស្មានថា ទាំងអស់នេះគឺធម្មតាទៅតាមលក្ខណៈធម្មជាតិ ដោយ គ្មានអ្វីពិសេសនោះទេ។
ក៏ប៉ុន្តែ តាមការពិតទៅ ការកំណត់ថ្ងៃខែឆ្នាំនេះមិនមែនមានស្រាប់ទៅតាមធម្មជាតិនោះទេ តែវាជាអ្វីដែលមនុស្សជាតិយើងជាអ្នកបង្កើតឡើង។
ជាការពិតណាស់ថា ផែនដីវិលជុំវិញខ្លួនឯង ព្រះចន្ទវិលជុំវិញផែនដី ហើយផែនដីវិលជុំវិញព្រះអាទិត្យ ទាំងអស់នេះសុទ្ធសឹងជាដំណើរនៃធម្មជាតិ។ ក៏ប៉ុន្តែ ការបែងចែករយៈពេលនៃដំណើរធម្មជាតិទាំងនេះឲ្យចេញទៅជាម៉ោង ថ្ងៃ សប្តាហ៍ ខែ និងឆ្នាំ គឺមនុស្សជាអ្នកកំណត់ ហើយមនុស្សជាតិយើងបានធ្វើការបែងចែកពេលវេលានេះ តាំងពីយូរយារណាស់មកហើយ ពោលគឺតាំងរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជមកម៉្លេះ។
នៅក្នុងសម័យដើមដំបូងនោះ កុំថាឡើយទៅដល់ដឹងថា ផែនដីមានចលនាវិលជុំវិញខ្លួនឯង និងវិលជុំវិញព្រះអាទិត្យ សូម្បីត្រឹមថាផែនដីមានរាងមូល ក៏មនុស្សជាតិយើងនៅមិនទាន់ដឹងនៅឡើយនោះផង។ ហើយយើងអាចសាកល្បងគិតស្រមៃមើលបានថា តើនៅក្នុងសម័យកាលដែលគ្មានប្រតិទិន គ្មានម៉ោង ថ្ងៃ ខែ ហើយគ្មានឆ្នាំបែបនោះ គេអាចធ្វើការសម្គាល់ពេលបានដោយរបៀបណា?
មធ្យោបាយតែមួយគត់នៅក្នុងការកំណត់ពេល គឺតាមរយៈការសង្កេតទៅលើដំណើរវិវឌ្ឍនៃព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ដែលនៅលើមេឃ ក៏ដូចជាដំណើរវិវឌ្ឍន៍នៃអ្វីៗផ្សេងទៀត ដែលនៅក្នុងធម្មជាតិជុំវិញខ្លួនយើង ជាពិសេស គឺដំណើរវិវឌ្ឍន៍នៃរដូវកាល។ និយាយជារួម គឺទាមទារជាចាំបាច់នូវជំនាញខាងតារាសាស្រ្ត។
ចំណុចចាប់ផ្តើមនៃដំណើរឈានទៅបង្កើតប្រតិទិន គឺការបែងចែក “ពេល” ជា “ថ្ងៃ” ទៅតាមដំណើរវិវឌ្ឍន៍នៃព្រះអាទិត្យ ហើយនេះ គឺជារឿងដែលគេងាយនឹងសង្កេតមើលឃើញបានមុនគេ ដោយសារតែដំណើរគោចរនៃព្រះអាទិត្យមានលក្ខណៈទៀងទាត់ ហើយវដ្តក៏ខ្លីជាងគេផងដែរ ដែលមិនពិបាកនឹងចំណាយពេលយូរក្នុងការសង្កេត។
គ្រប់គ្នាសុទ្ធតែអាចសង្កេតឃើញបានថា ថ្ងៃរះនៅពេលព្រឹក លិចនៅពេលល្ងាច រួចហើយត្រូវបាត់មុខពេញមួយយប់ មុននឹងរះឡើងវិញនៅព្រឹកបន្ទាប់ បង្កើតឲ្យមានថ្ងៃយប់-យប់ថ្ងៃឆ្លាស់គ្នាដដែលៗ ដែលអាចនឹងឲ្យគេកំណត់ថា វដ្តមួយជុំនៃព្រះអាទិត្យ ពោលគឺរយៈពេលចាប់ពីថ្ងៃរះនៅព្រឹកទីមួយទៅដល់ថ្ងៃរះឡើងវិញម្តងទៀតនៅព្រឹកទីពីរត្រូវរាប់ថា “១ថ្ងៃ”។
បែងចែកពេលវេលាត្រឹមជាថ្ងៃនេះក៏នៅមិនទាន់គ្រប់គ្រាន់នោះដែរ ដោយសារថា នៅពេលដែលចំនួនថ្ងៃមានកាន់តែច្រើន រហូតដល់រាប់សិប ឬរហូតដល់រាប់រយ ឬរាប់ពាន់ថ្ងៃ គេប្រាកជានឹងពិបាករាប់ និងពិបាកចំណាំថាថ្ងៃណាជាថ្ងៃណា ហើយពេលណាជាពេលណាពិតប្រាកដ។
ដូច្នេះ ជំហានបន្ទាប់មកទៀត គឺត្រូវបែងចែកពេលទៅជា “ខែ” តាមរយៈការសង្កេតមើលទៅលើដំណើរវិវឌ្ឍន៍នៃព្រះចន្ទ ដែលយើងច្រើនហៅតាមភាសាសាមញ្ញថា “លោកខែ” ហើយដែលតែងតែផ្លាស់ប្តូរទម្រង់ពីយប់ទៅមួយយប់ ដោយយប់ខ្លះព្រះចន្ទមានរាងជាចំណិត យប់ខ្លះព្រះចន្ទពេញវង់ ហើយយប់ខ្លះទៀតព្រះចន្ទត្រូវបាត់ទាំងស្រុងពីលើមេឃមុននឹងចេញជាចំណិតថ្មីមកវិញទៅតាមអ្វីដែលយើងហៅថា “ខ្នើត” និង “រនោច”។
ក្រោយពីធ្វើការសង្កេតជាច្រើនយប់ មនុស្សសម័យបុរាណបានសង្កេតឃើញថា ដំណើរវិវឌ្ឍន៍នៃព្រះចន្ទនេះ គឺជាវដ្តមួយដ៏ទៀងទាត់ដែលអាចឲ្យគេយកមកធ្វើជារង្វាស់ពេលបាន ដោយកំណត់ថា វដ្តមួយជុំនៃព្រះចន្ទ ពោលគឺ ពីដើមខ្នើតមួយទៅដល់ដើមខ្នើតថ្មីមួយទៀត (កន្លែងខ្លះគេរាប់ពីចុងរនោចមួយទៅចុងរនោចថ្មីមួយទៀត) ត្រូវស្មើនឹង “១ខែ” ដែលមានរយៈពេល ២៩ថ្ងៃ ឬ ៣០ថ្ងៃ។
គិតមកត្រឹមនេះ មនុស្សយើងអាចធ្វើការបែងចែកពេលជា “ថ្ងៃ” ទៅតាមវដ្តរបស់ថ្ងៃ ឬព្រះអាទិត្យ និងជា “ខែ” ទៅតាមវដ្តនៃលោកខែ ឬព្រះចន្ទ។ ក៏ប៉ុន្តែ ការកំណត់រយៈពេលនៃឆ្នាំ គឺជារឿងស្មុគស្មាញ។
មនុស្សសម័យបុរាណអាចធ្វើការកំណត់រយៈពេលនៃឆ្នាំបានជាលើកដំបូង គឺតាមរយៈការសង្កេតមើលទៅលើដំណើរវិវឌ្ឍន៍នៃរដូវកាល។ នៅកន្លែងខ្លះ ដូចជានៅមេសូប៉ូតាមី (ម្តុំប្រទេសអ៊ីរ៉ាក់បច្ចុប្បន្ន) ពួកបាប៊ីឡូន អាចសង្កេតមើលឃើញនូវដំណើរឆ្លាស់គ្នា រវាងរដូវប្រាំង និងរដូវវស្សា ចំណែកនៅកន្លែងខ្លះទៀត គេអាចសង្កេតពីដំណើរឆ្លាស់គ្នា រវាងរដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវត្រជាក់ និងរដូវផ្ការីក មុននឹងវិលត្រឡប់មករដូវក្តៅវិញ។
ការសង្កេតឃើញនូវដំណើរវិវឌ្ឍន៍នៃរដូវកាល ដែលវិលជុំដដែលៗនៅក្នុងរយៈពេលជាច្រើនខែបែបនេះហើយ ដែលអាចឲ្យគេបង្កើតរង្វាស់ពេល ដែលគិតជា “ឆ្នាំ” ក៏ប៉ុន្តែ បញ្ហាស្មុគស្មាញត្រូវចោទឡើង នៅពេលដែលគេត្រូវកំណត់ថា តើក្នុងមួយឆ្នាំត្រូវមានរយៈពេលប៉ុន្មានថ្ងៃពិតប្រាកដ?
កាលពីដើមដំបូងឡើយ ប្រតិទិនដែលអរិយធម៌សម័យបុរាណយកមកប្រើ គឺជាប្រតិទិនដែលយកតាមដំណើររបស់ព្រះចន្ទសុទ្ធសាធ ដោយក្នុងមួយឆ្នាំត្រូវចែកចេញជា ១២ខែ ហើយ១ខែ ត្រូវចែកចេញជា ២៩ថ្ងៃ ឬ៣០ថ្ងៃ ដោយឆ្លាស់គ្នាតាមខែ។ បញ្ហានៃប្រតិទិននេះ គឺមួយឆ្នាំមានរយៈពេលតែ ៣៥៤ថ្ងៃតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យមានភាពមិនស៊ីសង្វាក់គ្នា រវាងប្រតិទិន និងរដូវកាល ដែលគេសង្កេតឃើញជាក់ស្តែង។
ក្រោយមក ពួកបាប៊ីឡូនបានធ្វើការកែសម្រួល បង្កើតទៅជាប្រតិទិន ដែលមាន ៣៦០ថ្ងៃក្នុងមួយឆ្នាំ។ វានៅតែមិនទាន់ត្រូវនឹងឆ្នាំពិតប្រាកដ ដែលមាន ៣៦៥ថ្ងៃ នៅឡើយនោះទេ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ប្រតិទិនបាប៊ីឡូននេះមានភាពសុក្រិតជាងមុនច្រើន ហើយលើសពីនេះទៅទៀត ពួកបាប៊ីឡូននេះបានធ្វើការបែងចែកពេលជាប្រភេទថ្មីមួយទៀត ដែលយើងនៅបន្តប្រើមកទល់នឹងពេលបច្ចុប្បន្ន គឺ “សប្តាហ៍” ដែលមាន៧ថ្ងៃ។
រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ការបង្កើតសប្តាហ៍ដែលមាន៧ថ្ងៃនេះ នៅតែជារឿងដ៏អាថ៌កំបាំងមួយនៅឡើយ។ គេអាចយល់បានពីការបែងចែកជាថ្ងៃខែនិងឆ្នាំ ដោយផ្អែកទៅលើដំណើរនៃព្រះអាទិត្យ ព្រះចន្ទ និងដំណើរវិវឌ្ឍន៍នៃរដូវកាល។ ចុះសប្តាហ៍វិញ តើផ្អែកទៅលើអ្វី?
អ្វីដែលគេអាចដឹងបាន គឺដឹងថា ពួកបាប៊ីឡូនចាត់ទុកលេខ ៧ ជាលេខពិសេស ហើយវាផ្សាភ្ជាប់ទៅនឹងតារាសក្ការៈទាំង៧ ដែលពួកបាប៊ីឡូនគោរពបូជា គឺព្រះអាទិត្យ ព្រះចន្ទ ផ្កាយព្រះអង្គារ ផ្កាយព្រះពុធ ព្រះព្រហស្បតិ៍ ផ្កាយព្រះសុក្រ និងផ្កាយព្រះសៅរ៍។ ឈ្មោះតារាសក្ការៈទាំង ៧ នេះហើយ ដែលពួកបាប៊ីឡូនយកមកដាក់ឲ្យឈ្មោះថ្ងៃទាំង ៧ ក្នុងមួយសប្តាហ៍ ហើយដែលយើងនៅបន្តប្រើរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕
Comments
Post a Comment