សាវតារដ្ឋសភា
សាវតាI-សេចក្តីផ្តើមៈ
ប្រទេសកម្ពុជាជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុង ភូមិភាគអាស៊ី-អាគ្នេយ៍ មានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានភ្នំពេញជារាជធានី និងមាន រាជធានី-ខេត្ត៖ ២៥ ក្រុង-ស្រុក-ខណ្ឌ៖ ១៩៧ ឃុំ-សង្កាត់៖ ១.៦៣៣ ភូមិ៖ ១៤.១៣៩ មានប្រជាពលរដ្ឋ ១៤លាននាក់ ។
-ភាសា និងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
-អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
II-ប្រវត្តិរបស់រដ្ឋសភាៈ
ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជ-ប្បញ្ញត្តិមួយ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក៣៩រូប តំណាងឱ្យ១០ ខេត្ត-ក្រុង។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។
-ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោមរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ។
-ថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក៣៣រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង ។
-ខែវិច្ឆិកា ឆ្នាំ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាងរដ្ឋធម្មនុញ្ញដំបូង ។
-ឆ្នាំ១៩៤៦ មានព្រះរាជក្រម៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើតគណបក្សនយោបាយ និងឱ្យប្រើច្បាប់ បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ) ។
-ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ៦៧រូប មានបេសកកម្មតាក់តែង រដ្ឋធម្មនុញ្ញទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ ។
ខាងក្រោមនេះ គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន ៖
កំណត់សំគាល់៖
(១ )ជាលើកដំបូងដែលស្ត្រីខ្មែរមានសិទ្ធិសេរីភាព ទៅបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ។
(២ ) ជាសម័យកម្ពុជាប្រជាធិបតេយ្យ លទ្ធផលស្រាវជ្រាវរកឃើញត្រឹមសមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ ប៉ុណ្ណោះ ។ III-រដ្ឋសភាបច្ចុប្បន្នៈ
រដ្ឋសភានីតិកាលទី៥ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាមប្រព័ន្ធសមាមាត្រ មាន២៤មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន៨ចូលរួម។ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ ប្រជាជនបានទៅបោះឆ្នោតចំនួន ៦.៧៣៥.២៤៤នាក់ ស្មើនឹង ៦៩,៦១%។ អាសនៈដែលទទួលបាន: គណបក្សប្រជាជនកម្ពុជា ៦៨ អាសនៈ ស្មើនឹង៥៥,២៨% គណបក្សសង្គ្រោះជាតិ ៥៥ អាសនៈ ស្មើនឹង៤៤,៧១%។ តំណាងរាស្រ្តសរុបចំនួន១២៣រូប ក្នុងនោះតំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង ២០,៣២% តំណាងរាស្រ្តជនជាតិភាគតិចចំនួន ២រូប ក្រុមស្រ្តីសមាជិករដ្ឋសភាត្រូវបានបង្កើត។
រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ តំណាងរាស្រ្តបានធ្វើសច្ចាប្រណិធាន នៅព្រះបរម រាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។ រដ្ឋសភាបានប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។ |
Comments
Post a Comment