ព្រះអញ្ញាកោណ្ឌញ្ញៈ
ជីវប្រវត្តិព្រះអញ្ញាកោណ្ឌញ្ញៈ ជីវប្រវត្តិរបស់ ព្រះអរហន្តសាវ័ក អ្នកបានលំដាប់ជាសាវ័កទី១ ក្នុង ព្រះពុទ្ធសាសនា នេះ ត្រូវបានទៅលើ ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ ព្រោះមានជោគជាទី១ច្រើនប្រការក្នុងអត្តភាពនេះ ដែលភិក្ខុដទៃរកបានដោយកម្រ ព្រោះបុគ្គលមួយរូបបានទទួលការលើកតម្កើងច្រើនយ៉ាង។ គឺភាវៈជាកំពូលរបស់លោក បានដល់ការទាយគតិរបស់ ព្រះសិទ្ធត្ថរាជកុមារ ថាមានគតិតែម្យ៉ាងគឺស្តេចទ្រង់ចេញសាងផ្នួស មិនមែនជាអ្នកគ្រប់គ្រងផ្ទះ មួយទៀតការសម្រេចចិត្តចេញបួសតាមព្រះបរម ពោធិសត្វ ការបានស្តាប់ បឋមទេសនា គឺការសម្តែងធម៌ជាដំបូង ទាំងបានសម្រេចអរិយធម៌ ការបានជាបឋមសាវ័ក គឺសាវ័កមុនគេ និងការបានទទួលតែងតាំងអំពីព្រះដ៏មានព្រះភាគថាជា ឯតទគ្គៈ ខាងមានវស្សាចាស់ជាងគេ [រត្តញ្ញូនំ យទិទំ អញ្ញាកោណ្ឌញ្ញោ]។ ក្នុង អដ្ឋកថា មនោរថបូរណី ដែលអធិប្បាយសេចក្តីនៃគម្ពីរ អង្គុត្តរនិកាយ ថេរគាថា មានសេចក្តីថា ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ កើតជាបុត្ររបស់ ព្រាហ្មណ៍ មហាសាល ក្នុង ព្រាហ្មណគ្រាម ឈ្នោះថា ទោណវត្ថុ ដែលនៅជិតនឹង ក្រុងកបិលព័ស្ថុ ពីដើមឡើយលោកមានឈ្មោះថា កោណ្ឌញ្ញៈ កាលលោកមានវ័យវឌ្ឍនាការចម្រើនឡើង បានសិក្សាវិជ្ជាចេះចប់ ត្រៃវេទ ព្រមទាំងរៀនមន្តលក្ខណៈ គឺតម្រាទាយលក្ខណៈ ឬក្ន...